ឃើញអនាគតប៉ាម៉ាក់ក្មេកវ៉ៃគ្នា ខ្ញុំត្រូវផ្ដាច់ពាក្យទាំងចិត្តនៅអាល័យ តើត្រូវឬខុស?
- 2018-01-29 19:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញអនាគតប៉ាម៉ាក់ក្មេកវ៉ៃគ្នា ខ្ញុំត្រូវផ្ដាច់ពាក្យទាំងចិត្តនៅអាល័យ តើត្រូវឬខុស?
ចន្លោះមិនឃើញ
ម្ដាយខ្ញុំថាខ្ញុំសំណាងហើយដែលប្រទះឃើញអនាគតឪពុកម្ដាយក្មេកវ៉ៃគ្នាចំពោះមុខ ព្រោះនៅអាចដកខ្លួនទាន់ពេល បើមិនដូចនោះទេ គឺស្ដាយក្រោយមួយជីវិតហើយ។
ខ្ញុំ និងគាត់ស្គាល់គ្នាបាន៤ឆ្នាំ ហើយកំពុងគិតដល់រឿងរៀបការ។ ប៉ាម៉ាក់គាត់បានចូលស្ដី ឲ្យពួកខ្ញុំបានស្គាល់គ្នា។ ដោយសារតែផ្ទះនៅឆ្ងាយពីគ្នា ទើបខ្ញុំក៏សូវស្គាល់ពីស្ថានភាពគ្រួសារខាងគាត់ដែរ គ្រាន់តែឮគាត់ប្រាប់ថា ប៉ាគាត់ធ្លាប់មានប្រពន្ធ២ គាត់គឺជាកូនប្រពន្ធក្រោយ។ មុនគាត់ នៅមានបងប្រុស២នាក់ទៀត។
ខ្ញុំបានទៅលេងខាងគាត់ពីរ បីដងដែរ។ ពេលណាទៅក៏ខាងគាត់ទទួលខ្ញុំរាក់ទាក់ខ្លាំងណាស់។ នៅពេលមកលេងខាងខ្ញុំ ប៉ាម៉ាក់គាត់ក៏បានអញ្ជើញខាងខ្ញុំ ទៅលេងខាងគាត់ម្ដង។ ដោយខ្លាចអសទ្ធា ប៉ាម៉ាក់ខ្ញុំក៏ព្រមទៅលេងម្ដង។
នៅថ្ងៃនោះ នៅពេលគ្រួសារខ្ញុំមកដល់ បាយទឹកបានត្រៀមរួចរាល់អស់ទៅហើយ។ នៅពេលបាយ បរិយាកាសក៏ល្អណាស់ដែរ ដោយអ្នកទាំងអស់គ្នា និយាយគ្នាយ៉ាងអឺងកង។ យ៉ាងណាក្ដី បរិយាកាសត្រូវបានប្រែប្រួលនៅពេលម៉ាក់គាត់ចេញនិយាយគ្នាជាមួយស្ត្រីម្នាក់។
ក្រោយមកបន្តិច អ្នកទាំង២បានឈ្លោះប្រកែកគ្នា។ បើតាមការស្ដាប់ ហាក់ដូចម្ដាយគាត់ ជំពាក់លុយស្ត្រីនោះ។ ប៉ាបងពេលឮដូចនោះ ក៏ផ្ទុះកំហឹងយ៉ាងខ្លាំង។ នៅពេលម្ដាយគាត់ ត្រលប់មកតុបាយវិញ ក៏ត្រូវប៉ាគាត់ទះមួយកំផ្លៀងពេញមួយទំហឹង។
មិនព្រមចុះញ៉ម ម្ដាយគាត់ក៏លើកឆ្នាំស៊ុបជះទៅលើខ្លួនប៉ាគាត់វិញដែរ។ សំណាងល្អ គាត់គេចទាន់។ អ្វីៗគ្រប់យ៉ាងនៅពេលនោះ ស្រាប់តែជ្រួលច្របល់តែម្ដង ចានក្បានហោះពេញផ្ទះ។ ពេលឃើញសភាពបែបនេះ ប៉ាខ្ញុំបានអូសម៉ាក់កូនខ្ញុំទៅផ្ទះវិញ។
តាមផ្លូវទៅផ្ទះ ប៉ាម៉ាក់ខ្ញុំគ្មានមាត់មួយម៉ាត់។ គ្រាន់តែមកដល់ផ្ទះភ្លាម ម៉ាក់ខ្ញុំបានបោះសំដីថា៖ "គ្មានការគ្មានស្អីទាំងអស់"។ ខ្ញុំនិយាយអីមិនចេញ បានត្រឹមតែស្ងាត់។
ប៉ុន្មានថ្ងៃក្រោយ បងបានមករកខ្ញុំ ហើយប្រាប់ថាប៉ាម៉ាក់គាត់កំពុងនៅក្នុងពេទ្យដោយសារតែរបួសរៀងខ្លួន។ គាត់ថាតាំងពីតូចមកគឺស៊ាំនឹងអំពើហិង្សាបែបនេះទៅហើយ។ ហើយប្រាប់ខ្ញុំថា កុំឲ្យភ័យព្រោះការហើយ នឹងរើចេញនៅក្រៅតែ២នាក់។ តែប៉ាម៉ាក់ខ្ញុំបានផ្ដាំយ៉ាងដាច់អហង្ការថាលែងឲ្យខ្ញុំទាក់ទងនឹងគាត់ទៀតហើយ។
ខ្ញុំនៅស្រលាញ់គាត់ តែមិនហ៊ានធ្វើកូនប្រសាក្នុងផ្ទះគាត់ឡើយ ខ្លាចក្រែងតែថ្ងៃណាមួយគ្មានជីវិតមកផ្ទះវិញ។ បន្ថែមពីលើនេះ តាមការស៊ើបសួរ ប៉ាម៉ាក់គាត់ជាមនុស្សខ្ជិល មិនសូវប្រសប់ធ្វើការ តែពូកែដើរខ្ចីលុយគេមកចាយ។
ម៉ាក់ខ្ញុំប្រាប់ថា ខ្ញុំសំណាងហើយដែលឃើញពួកគេវ៉ៃគ្នានៅចំពោះមុខ បើមិនដូចនោះទេ អាចស្ដាយក្រោយមួយជីវិតក៏ថាបាន។ បើទោះបីជាចិត្តនៅស្រលាញ់គាត់ខ្លាំង តែខ្ញុំបានបង្ខំចិត្តសងចិញ្ចៀនភ្ជាប់ពាក្យឲ្យគាត់វិញហើយ។ តើជម្រើសនេះត្រឹមត្រូវឬទេ បើគូដណ្ដឹងខ្ញុំក៏ជាជនរងគ្រោះដែរនោះ?