info@sabay.com

ជីវិត​អ្នក​នឹង​ប្រសើរ​ ស្រស់​ថ្លា​ជាង​មុន បើ​ចាប់​ផ្ដើម​ធ្វើ​ទម្លាប់​ ៥​នេះ​​បាន​តាំង​ពី​ដើម​ឆ្នាំ

  • 2018-01-08 18:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ថ្មី​បាន​ឈាន​ចូល​មក​ដល់ ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​បំភ្លេច​ចោល​រឿង​អាក្រក់ៗ ​ដែល​បាន​កើត​ឡើង នៅ​ក្នុង​ឆ្នាំ​ចាស់ និង​ចង់​ចាប់ផ្ដើម​រឿង​ល្អៗ​នៅ​ក្នុង​ឆ្នាំ​ថ្មី​​នេះ​។​​ ម្នាក់ៗ​​ប្រហែល​ជា​បាន​ប្ដេជ្ញា​​ជាមួយ​ខ្លួន​ឯង​ហើយ​ថា​ ​ត្រូវ​តែ​សម្រេច​គោលដៅ​មួយ​ណា​ឲ្យ​បាន​សម្រាប់​ឆ្នាំ​​​​នេះ​។ ទោះ​ជា​យ៉ាង​ណា ការ​ប្ដូរផ្ដាច់​របស់​អ្នក​អាច​ត្រូវ​រលាយ​ ឬ​បំភ្លេច​ចោល​ទៅ​វិញ​បន្តិច​ម្ដងៗ​នៅ​ពេល​ដែល​​ឧបសគ្គ​ឆ្នាំ​ថ្មី​កើតឡើង​។ ដូច្នេះ​​កុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្រ្តេស​ខ្លាំង សាក់​មក​ចាប់ផ្ដើម​អ្វី​ស្រួលៗ ដូចជា​ទម្លាប់​ល្អៗ​ទាំង​៥​ខាងក្រោម​ ធានា​ថា​​ជីវិត​អ្នក​ប្រាកដ​ជា​ពោរពេញ​ដោយ​ភាព​រីករាយ​ពេញ​មួយ​ឆ្នាំ​នេះ​តែ​ម្ដង​៖​

រូបតំណាង

១. រៀបចំ​​​​​បន្ទប់​​គេង​

នេះ​សម្រាប់​អ្នក​ដែល​​ប្រកាន់​ទម្លាប់​អាក្រក់ ដេក​ដល់​វិនាទី​ចុង​ក្រោយ រួច​​ប្រញាប់​រៀបចំ​ខ្លួន​ទៅ​ធ្វើ​ការ​ទាំង​តក់ក្រហល់ ដោយ​​ទុក​ចោល​បន្ទប់​គេង​ទាំង​រញ៉េរញ៉ៃ​។ អ្នក​គួរ​កែ​​ទម្លាប់​នេះ​ចេញ ដោយ​ព្យាយាម​គេង​ពី​​ព្រលប់ ភ្ញាក់​ពី​ព្រលឹម រៀបចំ​​​ខ្នើយ ភួយ​ឲ្យ​មាន​របៀប បែប​នេះ​អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ​នៅ​កន្លែង​ធ្វើការ​ ឬ​ជួយ​ឲ្យ​អ្នក​ចង់​ហាត់​ប្រាណ​ដើម្បី​សុខភាព​ទៀត​ផង​។​

២. បញ្ចេញ​សកម្មភាព​

ដើម្បី​ទទួល​បាន​​របៀប​រស់នៅ​មួយ​ដែល​ប្រសើរ ទាំង​សុខភាព​​ផ្លូវ​ចិត្ត ក៏​ដូចជា​ផ្លូវ​កាយ អ្នក​ត្រូវ​ហ្វឹកហាត់​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​។ ពេល​ទំនេរ​កុំ​ដេក​នៅ​តែ​ផ្ទះ ត្រូវ​ទៅ​កន្លែង​ហាត់​ប្រាណ ឬ​ណាត់​ជួប​មិត្តភ័ក្ដិ​​ពិភាក្សា​រឿង​ល្អៗ ដើម្បី​ទទួល​បាន​ចំណេះដឹង​បន្ថែម​។​

៣. ញ៉ាំ ដើម្បី​ថាមពល​

ទម្លាប់​ធ្វើការ​ជ្រុល រហូត​ភ្លេច​បាយ ភ្លេច​ទឹក​គួរ​តែ​បំបាត់​ចោល​។ ទោះ​អ្នក​រវល់​ប៉ុណ្ណា អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​​បី​ពេល​ក្នុង​មួយ​ថ្ងៃ ហើយ​អាហារ​ទាំង​នោះ​ត្រូវ​តែ​ប្រភេទ​ដែល​ត្រឹមត្រូវ​​។ ត្រូវ​ចាំ​ថា​សុខភាព​​គឺ​ជា​រឿង​សំខាន់​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​​មើលថែ​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ​គ្រប់​ពេល​។​

៤. ចំណាយ​ពេល​ចំពោះ​​ចំណង​ចំណូលចិត្ត​ផ្ទាល់​ខ្លួន

អ្នក​ស្រឡាញ់​ការងារ ហើយ​ចង់​បាន​ជោគជ័យ​ក្នុង​វ័យ​ក្មេង ដូច្នេះ​អ្នក​​ធ្លាប់​បូជា​​ពេល​វេលា​ខ្លួន​ឯង​​ស្ទើរ​តែ​ទាំង​អស់​​ទៅ​លើ​វា​។ នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​សរសើរ​ទេ អ្នក​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​ច្បាស់​ក្រឡែត ដូច្នេះ​ឆ្នាំ​ថ្មី​​នេះ អ្នក​គួរ​រៀបចំ​កាលវិភាគ​​ឡើង​វិញ ទុក​ពេល​ខ្លះ​សម្រាប់​រីករាយ​ជាមួយ​រឿង​ដែល​ខ្លួន​ចូលចិត្ត​ឲ្យ​បាន​ញឹកញាប់ ទើប​​គេ​ហៅ​ថា​មនុស្ស​ដែល​ចេះ​រៀបចំ​ជីវិត​។​

៥. ធ្វើ​រឿង​ដែល​​គួរ​ធ្វើ​

កុំ​​ទ្រាំ​ជាមួយ​សម្ពៀត ឬ​ការ​ជិះជាន់​​​ត​ទៅ​ទៀត​​​។ បើ​គិត​ថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​រឿង​អយុត្តិធម៌ ក្រោកឈរ​តវ៉ា​ភ្លាម​។ ត្រូវ​រៀន​ស្គាល់​ពី​ស្ថានការណ៍​ថា​ ពេល​ណា​ត្រូវ​​ធ្វើ​សង្គ្រាម​ ពេល​​ណា​ត្រូវ​ដោះស្រាយ​​តាម​ការទូត​។ ទម្លាប់​​ខ្លួន​ឲ្យ​រឹងមាំ ឯករាជ្យ និង​ត្រូវ​​ចងចាំ​ថា​អ្នក​​គួរ​តែ​​រស់នៅ ស្រប​តាម​ឧត្ដមគតិ​ខ្លួន​ឯង​ជា​និច្ច​ ៕

ប្រភព៖ kanha   ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម
អត្ថបទថ្មី